ទំនុកតម្កើង 145:1-7
ទំនុកតម្កើង 145:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។ ៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។ គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
ទំនុកតម្កើង 145:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។ សូមឲ្យមនុស្សនៅគ្រប់ជំនាន់ លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ សូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ គេនឹងរៀបរាប់អំពីឫទ្ធានុភាព ដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដម របស់ព្រះអង្គដែរ។ គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរស ដ៏លើសលុបរបស់ព្រះអង្គ គេនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។
ទំនុកតម្កើង 145:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ ដល់ដំណ១ទៀត ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច របស់ទ្រង់ ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ ដ៏ល្អប្រសើរ ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់