ទំនុកតម្កើង 145:1-21
ទំនុកតម្កើង 145:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។ ៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។ គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ ៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។ ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ! គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។ ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ] ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។ ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។ ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។ ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។ ៙ មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះយេហូវ៉ា ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។
ទំនុកតម្កើង 145:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។ សូមឲ្យមនុស្សនៅគ្រប់ជំនាន់ លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ សូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ គេនឹងរៀបរាប់អំពីឫទ្ធានុភាព ដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដម របស់ព្រះអង្គដែរ។ គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរស ដ៏លើសលុបរបស់ព្រះអង្គ គេនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយ ព្រះហឫទ័យមេត្តាករុណា។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គ ហើយប្រជាជនរបស់ព្រះអង្គ ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។ គេនឹងរៀបរាប់អំពីព្រះរាជ្យ ដ៏រុងរឿងរបស់ព្រះអង្គ គេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ព្រះអង្គ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃព្រះរាជ្យរបស់ព្រះអង្គ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។ ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួល ព្រះអង្គលើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ។ ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គមានព្រះហឫទ័យទូលាយ ព្រះអង្គប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ ដោយព្រះហឫទ័យសុចរិត ហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។ ព្រះអង្គសម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែក ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។ ព្រះអម្ចាស់ការពារអស់អ្នកដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គបំផ្លាញមនុស្សអាក្រក់វិញ។ ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ទំនុកតម្កើង 145:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ ដល់ដំណ១ទៀត ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច របស់ទ្រង់ ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ ដ៏ល្អប្រសើរ ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា នឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប ដោយព្រះពរ គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់ នឹងពីតេជានុភាពរបស់ទ្រង់ ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់ រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច ដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។