ទំនុកតម្កើង 145:1-20

ទំនុកតម្កើង 145:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។ ៙ មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ! គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ហើយ​រៀប​រាប់​ពីព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​កូន​មនុស្ស​ស្គាល់ ពីកិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ និង​ពី​សិរី‌ល្អ​ដ៏​រុង​រឿង​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ។ ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។ [ព្រះ‌យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​គ្រប់​សេចក្ដី ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ធ្វើ។ ] ព្រះ‌យេហូវ៉ា​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ។ ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។ ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។ ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។ ព្រះ‌យេហូវ៉ា​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌អង្គ តែព្រះ‌អង្គ​នឹង​បំផ្លាញ អស់​ទាំង​មនុស្ស​អាក្រក់​វិញ។

ទំនុកតម្កើង 145:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​កោត​សរសើរ​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។ សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។ គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​ដែរ។ គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស ដ៏​លើស‌លុប​របស់​ព្រះអង្គ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក។ ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។ គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ ដ៏​រុងរឿង​របស់​ព្រះអង្គ គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ និង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច នៃ​ព្រះ‌រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។ ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ព្រះអង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ។ ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ដ្បិត​ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ បាន​ឆ្អែត​តាម​បំណង​របស់​គេ។ ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការ ដោយ​ព្រះ‌ហឫទ័យ​សុចរិត ហើយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ។ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ គឺ​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត។ ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។ ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។

ទំនុកតម្កើង 145:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច ទូលបង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ​រាល់ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​អស់‌កល្ប‌ជានិច្ច ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ‌លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់ ដល់​ដំណ​១​ទៀត ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង ទូលបង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តម ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច របស់​ទ្រង់ ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫទ័យ ដ៏​ល្អ​ប្រសើរ ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់ នឹង​ពី​តេជា‌នុភាព​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់ រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល ទ្រង់​លា​ព្រះ‌ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង‌ឡាយ ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត‌ខ្លាច ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ‌នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​រមែង​ការ‌ពារ​អស់​អ្នក ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ