ទំនុកតម្កើង 144:1-15
ទំនុកតម្កើង 144:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។ ៙ ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វីបានជាព្រះអង្គ យកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វីបានជាព្រះអង្គ នឹកគិតដល់គេដូច្នេះ? មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ ៙ ឱព្រះយេហូវ៉ាអើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក! សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង! សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ! សូមលាព្រះហស្តចុះពីស្ថានលើមក សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចផុតពីទឹកដ៏ធំ គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ ៙ ឱព្រះអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ ៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ ៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
ទំនុកតម្កើង 144:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។ សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។ ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយលេងឃឹមកំដរផង។ ព្រះអម្ចាស់សង្គ្រោះស្ដេចនានា ព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យរួចពីការស្លាប់ដោយមុខដាវ។ សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។ សូមឲ្យជង្រុករបស់យើងមានពោរពេញ ទៅដោយភោគផលសព្វបែបយ៉ាង សូមឲ្យហ្វូងចៀមនៅតាមវាលស្មៅ របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។ សូមឲ្យហ្វូងគោរបស់យើង បានកើនចំនួនជាច្រើន គ្មានបាត់ គ្មាននរណាលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមទីសាធារណៈរបស់យើងដែរ។ ប្រជាជាតិណាមានព្រះពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!
ទំនុកតម្កើង 144:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល ដែលតែងបាត់ទៅ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០ គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់ សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។ ៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណា ដែលចំរើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង ជង្រុករបស់យើងខ្ញុំនឹងបានពេញ ដោយស្បៀងអាហារគ្រប់មុខ ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន ចំរើនឡើងនៅឯវាល គោរបស់យើងខ្ញុំនឹងមានកំឡាំងធ្វើការយ៉ាងធ្ងន់ នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ អើ សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។