ទំនុកតម្កើង 143:1-12
ទំនុកតម្កើង 143:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ របស់ព្រះអង្គឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់ សុចរិតឡើយ។ ៙ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។ ហេតុនេះហើយបានជាវិញ្ញាណ នៅក្នុងទូលបង្គំចុះខ្សោយ ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។ ៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពី ស្នាព្រះហស្តរបស់ព្រះអង្គ។ ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។ សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ របស់ទូលបង្គំ ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ ! សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ! ៙ ឱព្រះយេហូវ៉ាអើយ សូមរក្សាការពារជីវិតទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! ហើយដោយព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន នៃព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទំនុកតម្កើង 143:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។ ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។ ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ទូលបង្គំលើកដៃអង្វរព្រះអង្គ ទូលបង្គំនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រៀបដូចជាដីហួតហែង។ - សម្រាក ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។ សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ ទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។ ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ! ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ ឲ្យវិនាសសូន្យទៅ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទំនុកតម្កើង 143:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យកើតក្តីនឹងអ្នកបំរើទ្រង់ឡើយ ដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយ ដែលសុចរិតទេ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយ ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួត ហែងស្រេករកទឹក។ –បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ ទូលបង្គំរត់មកពឹងជ្រកនៅទ្រង់ សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាម ព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅ ក្នុងស្រុក ដែលប្រកបដោយសេចក្ដីទៀងត្រង់ ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់ ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។