ទំនុកតម្កើង 140:1-13
ទំនុកតម្កើង 140:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតគូរបង្កើត សេចក្ដីអាក្រក់នៅក្នុងចិត្ត ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។ គេបានសំលៀងអណ្ដាតរបស់គេ ឲ្យស្រួចដូចជាអណ្ដាតពស់ ហើយនៅក្រោមបបូរមាត់របស់គេ មានសុទ្ធតែពិសពស់ហនុមាន។ –បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមការពារទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់ សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ ភ្លាត់ជើងដួល។ មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់ ៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរផង!» ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់ បានសម្រេចឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅមុខដែរ ក្រែងគេអួតខ្លួន។ –បង្អង់ ៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ! សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ ងើបឡើងវិញមិនរួចឡើយ! សូមកុំឲ្យមនុស្សដែលមួលបង្កាច់គេ តាំងនៅជាប់លើផែនដីឡើយ សូមឲ្យសេចក្ដីអាក្រក់ដេញតាម មនុស្សឃោរឃៅយ៉ាងលឿនទៅ! ៙ ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្ដី របស់មនុស្សមានទុក្ខវេទនា ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។ ប្រាកដហើយ មនុស្សសុចរិត នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ហើយមនុស្សទៀងត្រង់ នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។
ទំនុកតម្កើង 140:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យផុត ពីមនុស្សឃោរឃៅ។ អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជម្លោះជារៀងរាល់ថ្ងៃ! អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ! មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ! ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ ឱព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ មានជ័យជម្នះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ បានធ្លាក់ទៅលើពួកគេវិញ! សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។ សូមកុំឲ្យអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។ ខ្ញុំដឹងថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យមនុស្ស កម្សត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។ ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។
ទំនុកតម្កើង 140:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់ ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់ ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ ព្រមទាំងខ្សែរូតផង គេបានលាតមងតាមផ្លូវ នឹងអង្គប់ផង ដើម្បីចាប់ទូលបង្គំ។ –បង្អង់ ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់ តាមអំពើចិត្តគេឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ ក្រែងគេអួតខ្លួន។ –បង្អង់ ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ បានធ្លាក់ទៅលើគេវិញ សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ មនុស្សដែលមានអណ្តាតអាក្រក់ នោះមិនដែលបានតាំងឡើង ឲ្យមាំមួននៅផែនដីឡើយ ឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាម បំផ្លាញគេ ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកំសត់ទុគ៌តផង ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។