ទំនុកតម្កើង 14:1-6

ទំនុកតម្កើង 14:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ» គេ​ជា​មនុស្ស​ខូច​អាក្រក់ គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។ ព្រះ‌យេហូវ៉ា​បាន​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្ស រក​មើល​ក្រែង​មាន​អ្នក​ណា ដែល​មាន​គំនិត​ឈ្លាស​វៃ ហើយ​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​វង្វេង​ចេញ ហើយ​គេ​ត្រឡប់​ជា​ស្មោក‌គ្រោក​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។ គេ​នឹង​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​គង់​នៅ​ជាមួយ ជំនាន់​មនុស្ស​សុចរិត។ អ្នក​រាល់​គ្នា​បាន​បង្អាប់​គំនិត​មនុស្ស​ក្រីក្រ ប៉ុន្តែ ព្រះ‌យេហូវ៉ាជា​ជម្រក​របស់​គេ។

ទំនុកតម្កើង 14:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ល្ងី‌ល្ងើ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ!» គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​កិច្ចការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក ពិនិត្យ​មើល​មនុស្ស​លោក ព្រះអង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់ ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។ ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិល‌ខូច គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។ តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​ព្រះ‌អម្ចាស់​ទាល់​តែ​សោះ។ អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រះ‌ជាម្ចាស់​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។ «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេ។

ទំនុកតម្កើង 14:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មនុស្ស​ល្ងង់​ខ្លៅ​តែង​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ទេ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ គេ​បាន​ប្រព្រឹត្ត​ការ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ ចំពោះ​ពួក​កូន​មនុស្ស ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត ស្វែង​រក​ព្រះ​ឬ​ទេ តែ​គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ ជា​ស្មោក‌គ្រោក​ទាំង​អស់ គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​១​ក៏​គ្មាន​ផង ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត​ដូច្នេះ តើ​គ្មាន​ប្រាជ្ញា​ទេ​ឬ​អី ជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រ ឲ្យ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា