ទំនុកតម្កើង 139:9-12

ទំនុកតម្កើង 139:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។

ទំនុកតម្កើង 139:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ ហើយ​ជួយ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​ពោល​ថា: «សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។ ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

ទំនុកតម្កើង 139:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង ទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ ដូច្នេះ ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្ដី​ងងឹត នឹង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់