ទំនុកតម្កើង 139:3-12
ទំនុកតម្កើង 139:3-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ ដ្បិត ឱព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាន នៅអណ្ដាតទូលបង្គំនៅឡើយ នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។ ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ។ ការជ្រាបច្បាស់បែបនេះ អស្ចារ្យពេកសម្រាប់ទូលបង្គំ គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ ៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ! ប្រសិនបើទូលបង្គំពាក់ស្លាបហោះ ទៅទិសព្រះអាទិត្យរះ ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។
ទំនុកតម្កើង 139:3-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះអម្ចាស់អើយ ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំ មិនអាចយល់បានឡើយ។ តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញឲ្យឆ្ងាយ ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន? បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
ទំនុកតម្កើង 139:3-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ ដ្បិត ឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត នឹងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់