ទំនុកតម្កើង 139:13-24

ទំនុកតម្កើង 139:13-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។ ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ! គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ! ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ? ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។ ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

ទំនុកតម្កើង 139:13-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។ នៅ​ពេល​ទូលបង្គំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង នឹង​ព្រះអង្គ​ទេ។ កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់ ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដី ក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះអង្គ​ដដែល។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាល ហើយ​បណ្តេញ​ពួក​ឃាតករ​ចេញ ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ។ បច្ចា‌មិត្ត​របស់​ព្រះអង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះអង្គ ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ព្រះអង្គ​ដោយ​ឥត​បាន​ការ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ទូលបង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំង នឹង​ព្រះអង្គ។ ទូលបង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត ទូលបង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​ផ្ទាល់។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ទូលបង្គំ សូម​ល្បង‌ល​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត! សូម​ទត​មើល​ទូលបង្គំ​ផង ប្រសិន​បើ​ឃើញ​ទូលបង្គំ​ដើរ​ខុស​ផ្លូវ នោះ​សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ផង។

ទំនុកតម្កើង 139:13-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ កាល​ទូលបង្គំ​កើត​មាន​នៅ​ទី​កំបាំង ហើយ​បាន​សូន​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូលបង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​ដំរូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស ដល់​ទូលបង្គំ​ណាស់​ហ្ន៎ ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង បើ​សិន​ជា​ទូលបង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ប្រហារ​ពួក មនុស្ស​អាក្រក់​ជា​មិន​ខាន នែ ពួក​មនុស្ស​ដែល​កំចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាម ទ្រង់​ជា​អសារ​ឥត​ការ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្អប់​ដល់​ពួក​អ្នក ដែល​ស្អប់​ទ្រង់ ក៏​ខ្ពើម​ដល់​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់​ដែរ​ទេ​តើ គឺ​ទូលបង្គំ​ស្អប់​គេ​ពេញ​ទី​ហើយ គេ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​ទូលបង្គំ​ដែរ ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង សូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូលបង្គំ​ចុះ សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

ទំនុកតម្កើង 139:13-24

ទំនុកតម្កើង 139:13-24 គខបទំនុកតម្កើង 139:13-24 គខប