ទំនុកតម្កើង 139:1-5
ទំនុកតម្កើង 139:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។ ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ ដ្បិត ឱព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាន នៅអណ្ដាតទូលបង្គំនៅឡើយ នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។ ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ។
ទំនុកតម្កើង 139:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ដល់ ជម្រៅចិត្តទូលបង្គំ ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះអម្ចាស់អើយ ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។
ទំនុកតម្កើង 139:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ ដ្បិត ឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ