ទំនុកតម្កើង 139:1-24
ទំនុកតម្កើង 139:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។ ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ ដ្បិត ឱព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាន នៅអណ្ដាតទូលបង្គំនៅឡើយ នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។ ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ។ ការជ្រាបច្បាស់បែបនេះ អស្ចារ្យពេកសម្រាប់ទូលបង្គំ គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ ៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ! ប្រសិនបើទូលបង្គំពាក់ស្លាបហោះ ទៅទិសព្រះអាទិត្យរះ ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។ ៙ ឱព្រះអើយ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ! ឱមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ! គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម ព្រះអង្គជាអសារឥតការ! ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។ ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ទំនុកតម្កើង 139:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ដល់ ជម្រៅចិត្តទូលបង្គំ ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះអម្ចាស់អើយ ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំ មិនអាចយល់បានឡើយ។ តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញឲ្យឆ្ងាយ ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន? បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។ នៅពេលទូលបង្គំកកើតឡើង ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង នឹងព្រះអង្គទេ។ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរតែប្រហារមនុស្សពាល ហើយបណ្តេញពួកឃាតករចេញ ឲ្យឆ្ងាយពីទូលបង្គំ។ បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ ទៅប្រើសម្រាប់បោកបញ្ឆោត ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។ ឱព្រះអម្ចាស់អើយ ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងព្រះអង្គ។ ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំផ្ទាល់។ ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ សូមល្បងលមើលទូលបង្គំ ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត! សូមទតមើលទូលបង្គំផង ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ទំនុកតម្កើង 139:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ ដ្បិត ឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត នឹងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់ ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ កាលទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូនធ្វើបែបចំឡែកៗនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួក មនុស្សអាក្រក់ជាមិនខាន នែ ពួកមនុស្សដែលកំចាយឈាមអើយ ចូរថយចេញពីអញទៅ ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាម ទ្រង់ជាអសារឥតការ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នក ដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ គឺទូលបង្គំស្អប់គេពេញទីហើយ គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។