ទំនុកតម្កើង 138:1-8
ទំនុកតម្កើង 138:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ ទូលបង្គំក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើង ព្រះបន្ទូលរបស់ព្រះអង្គ ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។ នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។ ៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះយេហូវ៉ា ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នោះធំក្រៃលែង។ ដ្បិតទោះបើព្រះយេហូវ៉ាខ្ពស់ ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច តែឯមនុស្សឆ្មើងឆ្មៃវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។ ៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។ ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 138:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។ ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។ នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។ ឱព្រះអម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាន នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។ សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ ដែលព្រះអង្គបានធ្វើ: ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង ឧត្ដុង្គឧត្ដមបំផុត! ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។ នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ តាមព្រះបន្ទូលសន្យា ព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ បានបង្កើតមកនោះឡើយ!
ទំនុកតម្កើង 138:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ដំរង់ទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផង ដោយព្រោះសេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់ ឲ្យធំលើព្រះនាមទ្រង់ទៅទៀត នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដីនឹងអរ ព្រះគុណដល់ទ្រង់ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឱស្ឋទ្រង់មកហើយ អើ គេនឹងច្រៀងពីអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ពីព្រោះសិរីល្អនៃព្រះយេហូវ៉ា នោះធំក្រៃលែង ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ ទោះបើទូលបង្គំដើរនៅកណ្តាលសេចក្ដីទុក្ខវេទនា គង់តែទ្រង់នឹងចំរើនកំឡាំងដល់ទូលបង្គំផង ទ្រង់នឹងលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធរបស់ពួកខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំនៃទ្រង់នឹងជួយសង្គ្រោះទូលបង្គំដែរ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបាន ពេញខ្នាតឡើង ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់ ស្ថិតស្ថេរនៅជាដរាប សូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្ត ទ្រង់ឡើយ។