ទំនុកតម្កើង 132:1-18

ទំនុកតម្កើង 132:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ព្រះ​បាទ​ដាវីឌ និង​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក ពី​ដំណើរ​ដែល​លោក​បាន​ស្បថ ចំពោះ​ព្រះ‌យេហូវ៉ា គឺ​បាន​ស្បថ​ចំពោះ​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប​ថា៖ «ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ទូល‌បង្គំ ឬ​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំនឹង​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក ឬ​ឲ្យ​ត្របក​ភ្នែក​ទូល‌បង្គំ​លង់​លក់​ឡើយ រហូត​ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ពន្លា​សម្រាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប»។ មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។ សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង សូម​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទី​សម្រាក របស់​ព្រះ‌អង្គ ព្រម​ទាំង​ហិប​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គផង។ សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​កាយ ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ស្រែកហ៊ោ​ដោយ​អំណរ។ ដោយ​យល់​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​កុំ​បោះ​បង់​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេងតាំង​ឡើយ។ ៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។ ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។ ៙ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។ «នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។ យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរ យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។ ឯ​ពួក​សង្ឃ​របស់​ក្រុង​នេះ យើង​នឹង​តាក់‌តែងដោយ​សេចក្ដី​សង្គ្រោះ ហើយ​ពួក​បរិសុទ្ធ​នៅ​ក្រុង​នេះ នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ។ នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។ យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស តែ​នៅ​លើ​ក្បាល​លោក​វិញ នឹង​មាន​មកុដ​ដ៏​រុងរឿង»។

ទំនុកតម្កើង 132:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ព្រះ‌បាទ​ដាវីឌ និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា​ផង។ ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប​ថា: «ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ឡើង​ទៅ​ដេក នៅ​លើ​គ្រែ​ទូលបង្គំ​ទេ។ ទូលបង្គំ​មិន​ព្រម​បិទ​ភ្នែក ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់‌លក់​ឡើយ ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន កន្លែង​ថ្វាយ​ព្រះ‌អម្ចាស់ ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន ព្រះ‌ដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប​ទេ​នោះ!»។ យើង​បាន​ឮ​គេ​និយាយ​ថា ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេ‌ប្រាតា យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ា‌អើរ។ ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក របស់​ព្រះអង្គ​រហូត​ត​ទៅ។ សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ! ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយ ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។ ប្រសិន​បើ​បុត្រ​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។ ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់! យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ តាម​តែ​គេ​ត្រូវ​ការ យើង​នឹង​ឲ្យ​ជន​ក្រីក្រ ក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។ យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​បូជា‌ចារ្យ​របស់​គេ យើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។ នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី ពូជ‌ពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​ឲ្យ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។ យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុងរឿង»។

ទំនុកតម្កើង 132:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ដាវីឌ ហើយ​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក ដែល​លោក​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បន់​ដល់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះ ជា​ទី​លំនៅ​របស់​ទូលបង្គំ ឬ​ឡើង​ទៅ​ដេក នៅ​លើ​គ្រែ​ឡើយ ក៏​មិន​ព្រម​ឲ្យ​ភ្នែក​ទូលបង្គំ​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ធ្មេច​ឡើយ ដរាប​ដល់​ទូលបង្គំ​រក​បាន​ទី​កន្លែង​សំរាប់​ព្រះ‌យេហូវ៉ា គឺ​ជា​ពន្លា​សំរាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតា ក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់ យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ នៅ​មុខ​ទី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ សូម​ក្រោក​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យាង​ចូល​ទៅ​ក្នុង​ទី​សំរាក​របស់​ទ្រង់ គឺ​ទ្រង់ ព្រម​ទាំង​ហឹប​ដ៏​ជា​ព្រះ‌ចេស្តា​នៃ​ទ្រង់​ផង សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ស្រែក​ឡើង​ដោយ​អំណរ សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង ចេញ​ឡើយ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដី​ពិត ទ្រង់​ក៏​មិន​ព្រម​ប្រែ​ចេញ​វិញ​ឡើយ គឺ​ថា អញ​នឹង​យក​ម្នាក់ ជា​ផល​ដែល​កើត​ពី​ខ្លួន​ឯង តាំង​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​ឯង បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ក្រុង​ស៊ីយ៉ូន ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​បាន សំរាប់​ជា​លំនៅ​របស់​ទ្រង់ នេះ​ជា​ទី​សំរាក​របស់​អញ​នៅ​អស់‌កល្ប‌ជានិច្ច អញ​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​អញ​មាន​ចិត្ត​ចង់​បាន​ហើយ អញ​នឹង​ឲ្យ​ពរ​ជា​បរិបូរ ដល់​ស្បៀង​អាហារ​របស់​ក្រុង​នេះ ហើយ​នឹង​ចំអែត​មនុស្ស​ក្រ​នៅ​ក្រុង​នេះ ដោយ​អាហារ​ដ៏​គ្រប់​គ្រាន់ ឯ​ពួក​សង្ឃ អញ​នឹង​តាក់‌តែង ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ពួក​បរិសុទ្ធ​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​ទី​នេះ អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់‌ចែង​ចង្កៀង​១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្ដី​ខ្មាស តាក់‌តែង​ឲ្យ​ពួក​ខ្មាំង​សត្រូវ របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។