ទំនុកតម្កើង 130:1-8 - Compare All Versions
ទំនុកតម្កើង 130:1-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱព្រះយេហូវ៉ាអើយ ពីក្នុងទីដ៏ជ្រៅ ទូលបង្គំស្រែករកព្រះអង្គ ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង! ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន? ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។ ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។ ព្រះអង្គនឹងលោះអ៊ីស្រាអែល ឲ្យរួចពីគ្រប់អំពើទុច្ចរិតរបស់គេ។
ទំនុកតម្កើង 130:1-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ដែលទូលបង្គំទទូចអង្វរ! ឱព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គចងចាំកំហុស របស់យើងខ្ញុំទុកនោះ គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។ ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ ដ្បិតព្រះអង្គប្រកបដោយ ព្រះហឫទ័យមេត្តាករុណា ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច! ព្រះអង្គនឹងរំដោះអ៊ីស្រាអែល ឲ្យរួចពីកំហុសទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។
ទំនុកតម្កើង 130:1-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ពីទីជំរៅមក ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ ទ្រង់នឹងលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីគ្រប់សេចក្ដីទុច្ចរិតរបស់ខ្លួន។