ទំនុកតម្កើង 129:1-8
ទំនុកតម្កើង 129:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តែគេមិនបានឈ្នះខ្ញុំឡើយ។ ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ គេបានធ្វើគន្លងរបស់គេឲ្យវែង។ ប៉ុន្ដែ ព្រះយេហូវ៉ាសុចរិត ព្រះអង្គបានផ្ដាច់ចំណង របស់មនុស្សអាក្រក់ចេញ។ សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវខ្មាស ហើយត្រឡប់ថយក្រោយទៅ។ សូមឲ្យគេបានដូចជាស្មៅ ដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនពេលវាលូតលាស់ឡើង ជាស្មៅដែលមិនបានពេញមួយក្ដាប់ ក្នុងដៃរបស់អ្នកច្រូត ក៏មិនបានពេញដៃរបស់អ្នក ដែលចងជាកណ្ដាប់ដែរ ហើយសូមកុំឲ្យអស់អ្នកដែលដើរតាមទីនោះ ពោលថា៖ «សូមឲ្យព្រះពរនៃព្រះយេហូវ៉ា ស្ថិតនៅលើអ្នក! យើងឲ្យពរអ្នក ក្នុងព្រះនាមព្រះយេហូវ៉ា!» សោះឡើយ។
ទំនុកតម្កើង 129:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។ ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។ សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន ត្រូវអាម៉ាស់ និងដកខ្លួនថយ! សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរ អ្នករាល់គ្នា» សោះឡើយ។
ទំនុកតម្កើង 129:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ ឥឡូវថា តាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន តែគេមិនបានឈ្នះខ្ញុំឡើយ ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ គេបានធ្វើគន្លងគេឲ្យវែង តែព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង របស់ពួកមនុស្សអាក្រក់ចេញ សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនបានត្រូវខ្មាស ហើយត្រឡប់ថយក្រោយទៅ សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនដែលដុះធំឡើងផង ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថា សូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះ យើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ា នោះឡើយ។