ទំនុកតម្កើង 126:1-6

ទំនុកតម្កើង 126:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេហូវ៉ា​បាន​លើក​មុខ ក្រុង​ស៊ី​យ៉ូន​ឡើង​វិញ យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស ដែល​យល់‌សប្តិ។ ពេល​នោះ មាត់​យើង​បាន​ពេញ​ដោយ សំណើចក្អាក​ក្អាយ ហើយ​អណ្ដាត​យើង​ក៏​ពេញ​ដោយ សម្រែកអរ​សប្បាយ នោះ​ក្នុង​ចំណោម​ជាតិត​សាសន៍​នានា មាន​គេ​ពោល​ថា «ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ យ៉ាង​ធំ​សម្រាប់​ពួកគេ»។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ សម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមលើកមុខ​យើង​ខ្ញុំឡើង​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​តំបន់​ណេកិប​ផង! អស់​អ្នក​ដែល​សាប‌ព្រោះទាំង​ស្រក់​ទឹក​ភ្នែក គេនឹង​ច្រូតបាន​វិញ​ទាំង​សម្រែក​អរ​សប្បាយ! អ្នក​ដែល​កណ្ដៀត​ពូជ​សម្រាប់​សាប​ព្រោះ ចេញ​ទៅ​ទាំង​យំ គេ​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​សម្រែក​អរ​សប្បាយ ព្រម​ទាំង​យក​កណ្ដាប់​មកជាមួយ​ផង។

ទំនុកតម្កើង 126:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។ យើង​សើច​សប្បាយ​ជានិច្ច យើង​ស្រែក​ជយ‌ឃោស ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា: «ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។ ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ ចំពោះ​យើង​មែន ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ប្រទាន​ឲ្យ យើង​ខ្ញុំ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង មាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។ អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។ អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ ទាំង​យំ​សោក អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

ទំនុកតម្កើង 126:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយ ហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀង នោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែន ហើយ​ក៏​អរ​ណាស់​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង អស់​អ្នក​ដែល​សាប‌ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាប‌ព្រោះ ចេញ​ទៅ​ទាំង​យំ នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ ព្រម​ទាំង​យក​កណ្តាប់​មក​ផង។