ទំនុកតម្កើង 123:1-4
ទំនុកតម្កើង 123:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអង្គដែលសោយរាជ្យនៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងសម្លឹងទៅព្រះអង្គ មើល៍ ភ្នែករបស់ពួកទាសា សម្លឹងមើលដៃចៅហ្វាយខ្លួន ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។ ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។ ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
ទំនុកតម្កើង 123:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ដែលគង់នៅ ស្ថានបរមសុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។ យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។
ទំនុកតម្កើង 123:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកមើលដល់ទ្រង់ ដោយសង្ឃឹម មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ ស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះ សេចក្ដីមើលងាយយ៉ាងក្រៃលែង ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក របស់មនុស្សដែលនៅដោយឥតកង្វល់ នឹងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។