ទំនុកតម្កើង 122:1-9
ទំនុកតម្កើង 122:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!» ឱក្រុងយេរូសាឡិមអើយ ជើងរបស់យើងឈរនៅក្នុងច្រកទ្វារ របស់អ្នកហើយ។ យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ ជាកន្លែងដែលកុលសម្ព័ន្ធនានា គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា នាំគ្នាឡើងទៅតាមច្បាប់ របស់សាសន៍អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។ ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។ ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន! សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងកំផែងរបស់អ្នក ហើយសូមឲ្យមានសន្ដិសុខ នៅក្នុងបន្ទាយរបស់អ្នក!» ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ នៅក្នុងអ្នក!»។ ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា ជាព្រះនៃយើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
ទំនុកតម្កើង 122:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ! យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់ នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស របស់ស្ដេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។ ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត! សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុង បានសុខក្សេមក្សាន្ត។ ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹម បានប្រកបដោយសេចក្ដីសុខសាន្ត! ដោយយល់ដល់ព្រះដំណាក់ របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល!
ទំនុកតម្កើង 122:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់ ឱក្រុងយេរូសាឡិមអើយ ជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ យេរូសាឡិមអើយ ឯងបានសង់ឡើង ដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យ គឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង ហើយសេចក្ដីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង ព្រោះយល់ដល់ពួកបងប្អូន នឹងពួកមិត្រសំឡាញ់ របស់អញ បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងឯងចុះ ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា នោះអញនឹងស្វែងរកសេចក្ដីល្អដល់ឯង។