ទំនុកតម្កើង 121:1-8
ទំនុកតម្កើង 121:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ ៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។ ៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។ នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ ធ្វើទុក្ខឡើយ ហើយនៅពេលយប់ ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។ ៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ទំនុកតម្កើង 121:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ ព្រះអង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែល ទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។ ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។ នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។ ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
ទំនុកតម្កើង 121:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី។ ៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។ ៙ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។