ទំនុកតម្កើង 120:1-7

ទំនុកតម្កើង 120:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ខ្ញុំ​មាន​ទុក្ខ​ព្រួយ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ខ្ញុំ។ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​បបូរ​មាត់​ភូត​ភរ និង​ពី​អណ្ដាត​បោក​បញ្ឆោត​ផង»។ ៙ ឱ​អណ្ដាត​បាក​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង? ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង? គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ! ៙ វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ របស់​សាសន៍​កេដារ​ដូច្នេះ! យូរ​ណាស់​ហើយ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក ដែល​ស្អប់​សេចក្ដី​សុខ។ ខ្ញុំ​ស្វែង​រក​សេចក្ដី​សុខ តែ​នៅ​ពេល​ខ្ញុំ​និយាយ គេ​ចង់​ប្រកាស​សង្គ្រាម​ទៅ​វិញ។

ទំនុកតម្កើង 120:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត! អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ? គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ! ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះ វេទនា​ណាស់! ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត សន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។ ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។

ទំនុកតម្កើង 120:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំ ឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូត ហើយ​ពី​អណ្តាត​ដែល​បញ្ឆោត ឱ​អណ្តាត​ដែល​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង គឺ​ព្រួញ​មុត​របស់​មនុស្ស​ខ្លាំង​ពូកែ នឹង​រងើក​ភ្លើង​ឈើ​ដង្កោ​ផង វេទនា​ដល់​ខ្ញុំ ព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ ជា​យូរ​មក​ហើយ ព្រលឹង​នៃ​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នក ដែល​ស្អប់​សេចក្ដី​សុខ ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។