ទំនុកតម្កើង 12:5-6
ទំនុកតម្កើង 12:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
ទំនុកតម្កើង 12:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ* គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
ទំនុកតម្កើង 12:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង