ទំនុកតម្កើង 119:73-88

ទំនុកតម្កើង 119:73-88 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ទេ។ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។ សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ងាក​មក​រក​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។ ៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា «តើ​ពេល​ណា​ទើប​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ?» ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។ តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំ ដល់​កាល​ណា​ទៀត? តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ? មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។ បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិតទាំង​អស់ គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូល‌បង្គំ​ផង! គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 119:73-88 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។ សូម​សម្រាល​ទុក្ខ​ទូលបង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់ របស់​ព្រះអង្គ​ឥត​ខ្ចោះ កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។ ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់ របស់​ព្រះអង្គ​ឡើយ។ តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ? មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។ បទ‌បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ទូលបង្គំ​ផង ដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។ នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យ ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទ របស់​ព្រះអង្គ​ឡើយ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។

ទំនុកតម្កើង 119:73-88 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ហើយ​ថា អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ ទូលបង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរស របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូលបង្គំ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូលបង្គំ ដើម្បី​ឲ្យទូលបង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅ ដ្បិត​ទូលបង្គំ​យក​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ បាន​បែរ​មក​ឯ​ទូលបង្គំ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។ ៙ ព្រលឹង​នៃ​ទូលបង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បាន សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទូលបង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ ដោះ​ទុក្ខ​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅ តើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោស ដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូលបង្គំ ជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់ អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ ឯ​គេៗ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូលបង្គំ​ផង គេ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ប៉ុន្តែទូលបង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។