ទំនុកតម្កើង 119:65-80
ទំនុកតម្កើង 119:65-80 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។ ៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។ អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។ សូមសម្ដែងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរស់នៅ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ។ សូមឲ្យមនុស្សព្រហើនត្រូវខ្មាស ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត អំពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ ងាកមករកទូលបង្គំ ដើម្បីឲ្យគេបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
ទំនុកតម្កើង 119:65-80 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។ ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។ អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ចំពោះទូលបង្គំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។ ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។ ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញ ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
ទំនុកតម្កើង 119:65-80 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់ សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រិត្យវិន័យទ្រង់វិញ ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់ ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។ ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់ ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ហើយ សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រិត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់ សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។