ទំនុកតម្កើង 119:41-48
ទំនុកតម្កើង 119:41-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ផ្សាយមកដល់ទូលបង្គំ គឺការសង្គ្រោះរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្ត ដល់ព្រះបន្ទូលរបស់ព្រះអង្គ។ សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត ចេញពីមាត់ទូលបង្គំសោះឡើយ ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូតតទៅ ទូលបង្គំនឹងដើរដោយមានសេរីភាព ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។ ទូលបង្គំនឹងលើកដៃប្រណម្យ ឆ្ពោះទៅបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់ ហើយទូលបង្គំនឹងសញ្ជឹងគិត អំពីច្បាប់របស់ព្រះអង្គ។
ទំនុកតម្កើង 119:41-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! សូមជួយឲ្យទូលបង្គំអាចឆ្លើយតប នឹងអ្នកដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។ ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។ ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ ប្រាប់ស្ដេចនានា ទូលបង្គំនឹងមិនខ្មាសសោះឡើយ។ ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គ ទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។ ទូលបង្គំលើកដៃប្រណម្យគោរព បទបញ្ជារបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះ ទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។
ទំនុកតម្កើង 119:41-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ទូលបង្គំ គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់ យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់ សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ អស់រលីងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់ យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់ ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់ របស់ទ្រង់ ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់ ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់ របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។