ទំនុកតម្កើង 119:17-24

ទំនុកតម្កើង 119:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ! ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។ ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។ សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។ ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។

ទំនុកតម្កើង 119:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។ ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។ ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់ ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។

ទំនុកតម្កើង 119:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃ ដែល​ត្រូវ​បណ្តាសា​ហើយ ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់ សូម​ដក​យក​ការ​ដំនៀល នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូលបង្គំ​ដែរ អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត របស់​ទ្រង់​វិញ ទូលបង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន ហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។