ទំនុកតម្កើង 119:169-176

ទំនុកតម្កើង 119:169-176 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។ បបូរ​មាត់​ទូល‌បង្គំ​នឹង​ហូរ​ចេញ​ជា​ពាក្យ​សរសើរ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ អណ្ដាត​ទូល‌បង្គំ​នឹង​ច្រៀង អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំងបទ‌បញ្ជា​របស់​ព្រះ‌អង្គ សុទ្ធ​តែ​សុចរិត​ទាំង​អស់។ សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បាន​ជ្រើស​រើស​យក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។ សូម​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​វិន័យ​របស់​ព្រះ‌អង្គ ជួយ​ទូល‌បង្គំ​ផង។ ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។

ទំនុកតម្កើង 119:169-176 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮ ទៅ​ដល់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំ បាន​ឮ​ទៅ​ដល់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!។ ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ ឥត​ឈប់​ឡើយ ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដ្បិត​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់ ព្រះអង្គ​សុទ្ធ​តែ​សុចរិត។ សូម​សម្តែង​ព្រះ‌បារមី​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ‌ឱវាទ របស់​ព្រះអង្គ​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ សង្គ្រោះ​ទូលបង្គំ​ណាស់ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ជា​ខ្លាំង។ សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ! សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។ ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​យាង​មក​រក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជា របស់​ព្រះអង្គ​ឡើយ!

ទំនុកតម្កើង 119:169-176 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូលបង្គំ បាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូលបង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូលបង្គំ បាន​ពោល ពាក្យ​សរសើរ ដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ សូម​ឲ្យ​អណ្តាត​ទូលបង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​ទាំង​អស់ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូលបង្គំ ព្រោះ​ទូលបង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូលបង្គំ​រស់​នៅ នោះ​នឹង បាន​សរសើរ​ដល់​ទ្រង់ ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូលបង្គំ​ផង ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់ សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។