ទំនុកតម្កើង 118:1-9

ទំនុកតម្កើង 118:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិតព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច! ៙ ចូរឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។ ចូរ​ឲ្យ​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច» ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។ ៙ ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា បាន​ឆ្លើយ​តបមក​ខ្ញុំ ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។ ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។ ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។ ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។

ទំនុកតម្កើង 118:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។ ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត? ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។ ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។

ទំនុកតម្កើង 118:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឥឡូវ​នេះ គួរ​ឲ្យ​ពូជ‌ពង្ស​នៃ​អើរ៉ុន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ ដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ តាម​បំណង​ចិត្ត​ខ្ញុំ ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។