ទំនុកតម្កើង 116:1-8
ទំនុកតម្កើង 116:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។ អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។ ពេលនោះ ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង!» ៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។ ព្រះយេហូវ៉ាជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។ ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។ ៙ ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំ ហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។
ទំនុកតម្កើង 116:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទទូចអង្វរ ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំ អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។ មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង! ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យ អាណិតមេត្តា។ ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
ទំនុកតម្កើង 116:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ នឹងពាក្យដែលខ្ញុំទូលអង្វរ ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា នឹងសេចក្ដីសុចរិត អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់ នឹងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង