ទំនុកតម្កើង 115:2-8
ទំនុកតម្កើង 115:2-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុអ្វីបានជាសាសន៍នានាពោលថា «តើព្រះរបស់ពួកគេនៅឯណា?» ៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។ ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ទំនុកតម្កើង 115:2-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា: «ព្រះរបស់ពួកគេនៅឯណា?»។ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ។ រីឯព្រះរបស់អ្នកទាំងនោះវិញ សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។ ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនចេះដឹងក្លិន មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។ សូមឲ្យអស់អ្នកដែលបានសូន ធ្វើរូបព្រះក្លែងក្លាយ ហើយផ្ញើជីវិតលើព្រះទាំងនោះ បានដូចរូបព្រះទាំងនោះដែរ។
ទំនុកតម្កើង 115:2-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថា តើព្រះគេនៅឯណា ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់នឹងមាស ជាស្នាដៃដែលមនុស្សធ្វើ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរឡើយ ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ គេនឹងបានដូចជារូបនោះដែរ