ទំនុកតម្កើង 112:5-9

ទំនុកតម្កើង 112:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។ ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។ អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ លើ​ខ្មាំង​សត្រូវ​របស់​គេ។ គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។

ទំនុកតម្កើង 112:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។ មនុស្ស​ល្អ​នឹង​បាន​សុខ​ជានិច្ច គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។ គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។ គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។

ទំនុកតម្កើង 112:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌ ដ្បិត​គេ​មិន​ត្រូវ​រង្គើ​ឡើយ នឹង​ចេះ​តែ​មាន​សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នៅ​ជា​រៀង​រាប​ដរាប អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ ចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ចិត្ត​គេ​បាន​តាំង​ខ្ជាប់‌ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់ សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ