ទំនុកតម្កើង 110:1-7
ទំនុកតម្កើង 110:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។ ៙ ព្រះយេហូវ៉ាសន្ធឹងដំបងរាជ្យដ៏មានឥទ្ធិឫទ្ធិ របស់ព្រះករុណា ចេញពីក្រុងស៊ីយ៉ូន។ សូមគ្រប់គ្រងនៅកណ្ដាលខ្មាំងសត្រូវ របស់ព្រះករុណា! ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។ ព្រះយេហូវ៉ាបានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។ ៙ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។ ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។ ព្រះអង្គនឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ព្រះអង្គនឹងងើបព្រះភក្ត្រឡើង។
ទំនុកតម្កើង 110:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់មានព្រះបន្ទូល មកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យ របស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។ ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្ដេចនានា។ ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ព្រះអង្គទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។ នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភ័ក្ត្រ ប្រកបដោយជោគជ័យ។
ទំនុកតម្កើង 110:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯង ចេញពីក្រុងស៊ីយ៉ូន ឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់ ទ្រង់នឹងជំនុំជំរះនៅកណ្តាលអស់ទាំងសាសន៍ ឲ្យមានពេញដោយសាកសព ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន ទ្រង់នឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ទ្រង់នឹងបានងើបព្រះសិរឡើង។