ទំនុកតម្កើង 109:6-15
ទំនុកតម្កើង 109:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ គេពោលថា៖ «សូមតាំងមនុស្សអាក្រក់ម្នាក់ ឲ្យប្រឆាំងទាស់នឹងវា សូមឲ្យអ្នកចោទប្រកាន់ម្នាក់ ឈរនៅខាងស្តាំវា។ កាលណាវាត្រូវជំនុំជម្រះ សូមឲ្យវាជាប់មានទោស សូមឲ្យពាក្យអធិស្ឋានរបស់វា រាប់ជាអំពើបាបវិញ។ សូមឲ្យថ្ងៃអាយុរបស់វារួញខ្លី សូមឲ្យមានម្នាក់ទៀតយកតំណែងរបស់វា! សូមឲ្យកូនចៅរបស់វាកំព្រាឪពុក ហើយឲ្យប្រពន្ធរបស់វាក្លាយជាស្រ្ដីមេម៉ាយ! សូមឲ្យកូនចៅរបស់វាក្លាយជាមនុស្ស អាវាសែដើរសុំទាន ហើយស្វែងរកអាហារ ឆ្ងាយពីទីលំនៅដែលរលំបាក់បែក! សូមឲ្យម្ចាស់បំណុលរឹបអូសអ្វីៗ ទាំងអស់ដែលវាមាន សូមឲ្យអ្នកក្រៅមកប្លន់យកផល នៃការនឿយលំបាករបស់វាទៅ! សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរ ដល់កូនកំព្រារបស់វាដែរ! សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។ សូមព្រះយេហូវ៉ានឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា ហើយសូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ! សូមឲ្យសេចក្ដីទាំងនោះ នៅចំពោះព្រះយេហូវ៉ាជានិច្ច ដើម្បីឲ្យព្រះអង្គបានផ្តាច់គេចេញពីផែនដី កុំឲ្យអ្នកណានឹកនាដល់គេឡើយ!
ទំនុកតម្កើង 109:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់។ សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យអធិស្ឋានរបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។ សូមកុំឲ្យគេរស់បានយូរឡើយ សូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។ សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។ សូមឲ្យកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក! សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗ ដែលគេមាន ហើយឲ្យជនបរទេសមកប្លន់យកអ្វីៗ ដែលគេខំប្រឹងរកបាន! សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ! សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតា របស់គេបានប្រព្រឹត្ត ហើយកុំឲ្យព្រះអង្គភ្លេចអំពើបាប ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ! សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច ពេលពួកគេស្លាប់ សូមព្រះអង្គធ្វើ កុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
ទំនុកតម្កើង 109:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវា ហើយឲ្យសាតាំងឈរនៅខាងស្តាំវា កាលណាវាត្រូវជំនុំជំរះ នោះសូមឲ្យវាមានទោស ហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែ ទាំងដើរសុំទាន ឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិត របស់ពួកឰយុកោវា ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ