ទំនុកតម្កើង 109:21-26

ទំនុកតម្កើង 109:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ​ផង! ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្រីក្រ ហើយ​ទុគ៌ត ឯ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ក៏​មាន​របួស​ដែរ។ ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ទូល‌បង្គំ​ត្រូវ​គេ​រលាស់​ចេញ ដូច​ជា​រលាស់​កណ្តូប ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ ដោយ​សារ​តម​អាហារ ហើយ​រូបកាយ​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង។ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ជួយ​ទូល‌បង្គំ​ផង! សូម​សង្គ្រោះ​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

ទំនុកតម្កើង 109:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​ព្រះអង្គ​មេត្តា ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប សូម​រំដោះ​ទូលបង្គំ​ផង! ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត ទូលបង្គំ​របួស​ដួង​ចិត្ត។ ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កម្ចាត់​ទូលបង្គំ​ដូច​កម្ចាត់​សត្វ​ល្អិត។ ទូលបង្គំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។ ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំ គេ​នាំ​គ្នា​សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ផង! សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ!

ទំនុកតម្កើង 109:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច ដោយ​ព្រោះ​សេចក្ដី សប្បុរស​ដ៏​ប្រសើរ​របស់​ទ្រង់ ដ្បិត​ទូលបង្គំ​ជា​អ្នក​ក្រ​លំបាក ហើយ​កំសត់​ទុគ៌ត ហើយ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​មាន​របួស​ផង ទូលបង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ ទូលបង្គំ​ត្រូវ​គេ​ដេញ​ចុះ​ឡើង​ដូច​ជា​កណ្តូប ក្បាល​ជង្គង់​នៃ​ទូលបង្គំ​ញ័រ ដោយ​តម​អាហារ ហើយ​រូប​សាច់​ទូលបង្គំ​ក៏​ស្គម‌ស្គាំង​ទៅ ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល​ដល់​គេ កាល​ណា​គេ​ប្រទះ​ឃើញ​ទូលបង្គំ នោះ​គេ​គ្រវី​ក្បាល ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ផង ឱ​សូម​ជួយ​សង្គ្រោះ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស​នៃ​ទ្រង់