ទំនុកតម្កើង 108:1-5
ទំនុកតម្កើង 108:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រជាទំនុក ដោយសារកិត្តិយសរបស់ទូលបង្គំដែរ ឱពិណ និងស៊ុងអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យរះឡើង! ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា។ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ព្រះអង្គ ក៏ខ្ពស់ដល់ពពកដែរ។ ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល!
ទំនុកតម្កើង 108:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ទូលបង្គំ ត្រៀមចិត្តគំនិតជាស្រេច! ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង អស់ពីដួងចិត្ត! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល!
ទំនុកតម្កើង 108:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរ ដោយសារកិត្តិយសរបស់ទូលបង្គំដែរ ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើង ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ នៅកណ្តាលជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃ ហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី