ទំនុកតម្កើង 107:8-15
ទំនុកតម្កើង 107:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យ របស់ព្រះអង្គដល់មនុស្សជាតិ។ ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។ ៙ អ្នកខ្លះអង្គុយនៅក្នុងទីងងឹត និងនៅក្នុងម្លប់នៃសេចក្ដីស្លាប់ ជាអ្នកទោសដែលជាប់ក្នុងសេចក្ដីវេទនា និងជាប់ច្រវាក់ ដ្បិតគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះ ហើយបានមើលងាយដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត។ ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។ គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គបាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងផ្ដាច់ចំណងរបស់គេចេញ។ ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។
ទំនុកតម្កើង 107:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក! ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេក ហើយប្រទានអាហារបរិបូណ៌ ដល់អស់អ្នកដែលឃ្លាន។ អ្នកខ្លះទៀតរស់នៅក្នុងទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា ដ្បិតពួកគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមាក់ងាយការប្រៀនប្រដៅ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាត ដោយសារទុក្ខវេទនា ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ ពួកគេឲ្យក្រោកឡើងវិញបានឡើយ។ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏សង្គ្រោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះអង្គនាំពួកគេចេញពីទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
ទំនុកតម្កើង 107:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។ ៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនា ហើយនឹងចំណងច្រវាក់ ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ ហើយបានមើលងាយដល់សេចក្ដីដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត បានជាទ្រង់បន្ទាបចិត្តគេ ដោយការនឿយហត់ គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ទ្រង់បាននាំគេចេញពីទីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងបណ្តាច់ចំណងគេផង ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ