ទំនុកតម្កើង 107:23-32
ទំនុកតម្កើង 107:23-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ អ្នកខ្លះចុះនាវាដើរផ្លូវសមុទ្រ ប្រកបមុខរបរតាមមហាសាគរ ពួកគេឃើញកិច្ចការរបស់ព្រះយេហូវ៉ា គឺការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងទីជម្រៅ។ ដ្បិតព្រះអង្គបានបញ្ជា នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្ដាលឲ្យរលកសមុទ្រកម្រើកឡើង។ រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ចុះទៅវិញដល់ទីជម្រៅ សេចក្ដីក្លាហានរបស់គេក៏រលាយ នៅក្នុងស្ថានភាពអាក្រក់ គេឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។ គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។ ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ ត្រូវឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។
ទំនុកតម្កើង 107:23-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។ ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ ពួកគេត្រូវវេទនាអស់សង្ឃឹម។ ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។ ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះឲ្យនៅស្ងៀម ទឹករលកក៏ស្ងប់ទៅវិញ។ អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់ ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ ដែលគេប្រាថ្នាចង់ទៅ។ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក! គេត្រូវតែលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គ ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។
ទំនុកតម្កើង 107:23-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា នឹងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកំរើកឡើង រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជំរៅ នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។