ទំនុកតម្កើង 107:13-21

ទំនុកតម្កើង 107:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​ផ្ដាច់​ចំណង​របស់​គេ​ចេញ។ ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។ ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក។ ៙ អ្នក​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​ស្អប់​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។ គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។ ត្រូវ​ឲ្យគេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។

ទំនុកតម្កើង 107:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ហើយ​ព្រះអង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! ដ្បិត​ព្រះអង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។ អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

ទំនុកតម្កើង 107:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បណ្តាច់​ចំណង​គេ​ផង ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ ដ្បិត​ទ្រង់​បាន​ទំលាយ​អស់​ទាំង​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក​ដែរ។ ៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខ ដោយ​ព្រោះ​ការ​រំលង​ច្បាប់ នឹង​អំពើ​ទុច្ចរិត​របស់​គេ ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់ គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ ទ្រង់​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ