ទំនុកតម្កើង 107:1-9
ទំនុកតម្កើង 107:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបានប្រមូលមកពីស្រុកទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង ។ ៙ អ្នកខ្លះបានដើរសាត់អណ្តែតនៅក្នុង ទីរហោស្ថានដ៏ហួតហែង រកទីក្រុងណានឹងស្នាក់អាស្រ័យ នៅមិនបានឡើយ។ ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គបាននាំគេតាមផ្លូវត្រង់ រហូតទាល់តែគេចូលដល់ទីក្រុង ដែលអាស្រ័យនៅបាន។ ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យ របស់ព្រះអង្គដល់មនុស្សជាតិ។ ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
ទំនុកតម្កើង 107:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយនាំពីប្រទេសនានាមកវិញ គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងទិសខាងត្បូង។ អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។ ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយ ដែលគេអាចស្នាក់អាស្រ័យនៅបាន។ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក! ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេក ហើយប្រទានអាហារបរិបូណ៌ ដល់អស់អ្នកដែលឃ្លាន។
ទំនុកតម្កើង 107:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ ហើយប្រមូលមកពីគ្រប់ទាំងស្រុក គឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើង ហើយទិសខាងត្បូងផង។ ៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។