ទំនុកតម្កើង 106:7-12

ទំនុកតម្កើង 106:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​នៅ​ស្រុក​អេស៊ីព្ទ បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ គឺ​នៅ​សមុទ្រ​ក្រហម ។ ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ ពេល​នោះ គេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។

ទំនុកតម្កើង 106:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។

ទំនុកតម្កើង 106:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ឰយុកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ គេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញ គឺ​ជា​សមុទ្រ​ក្រហម ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ បាន​ប្រាកដ​ច្បាស់ ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ យ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ ដូច​ជា​ដើរ​នៅ​ទី​គោក ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេ ក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេ ឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។