ទំនុកតម្កើង 106:6-13
ទំនុកតម្កើង 106:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។ កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ មិនបានពិចារណាអំពីការដ៏អស្ចារ្យ របស់ព្រះអង្គទេ ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គដែរ គឺគេបានបះបោរនៅមាត់សមុទ្រ គឺនៅសមុទ្រក្រហម ។ ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ ដោយយល់ដល់ព្រះនាមព្រះអង្គ ដើម្បីឲ្យគេស្គាល់ព្រះចេស្តា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។ ព្រះអង្គបានសង្គ្រោះគេ ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ គ្មានសល់អ្នកណាម្នាក់ឡើយ។ ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ៙ ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 106:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។ ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 106:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកឰយុកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង ពួកឰយុកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ ដោយយល់ដល់ព្រះនាមទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ បានប្រាកដច្បាស់ ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ ដូចជាដើរនៅទីគោក ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។ ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ