ទំនុកតម្កើង 106:24-31

ទំនុកតម្កើង 106:24-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។ គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌យេហូវ៉ា​ឡើយ។ ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ឲ្យ​ពូជ‌ពង្ស​របស់​គេ​ដួល​ស្លាប់ នៅ​កណ្ដាល​ជាតិ​សាសន៍​នានា ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ ឲ្យ​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​សាសន៍​ដទៃ។ ៙ បន្ទាប់​មក គេ​ទៅ​ភ្ជាប់​ខ្លួន នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិ‌ភោគ​សំណែន ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​គ្រោះ​កាច​ក៏​កើត​ឡើង ក្នុង​ចំណោម​ពួក‌គេ។ ពេល​នោះ ភីនេ‌ហាស​ក៏ឈរ​ឡើង ហើយ​ធ្វើ​អន្តរាគមន៍ រួច​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅវិញ។ ការ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​ភីនេ‌ហាស ជា​រៀង​រហូត ដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ។

ទំនុកតម្កើង 106:24-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់​ឡើយ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស នៅ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពូជ‌ពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាស‌ពេញ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។ នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ ថ្វាយ‌បង្គំ​ព្រះ​បាល ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាច ក្នុង​ចំណោម​ពួក​គេ។ ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើង ដាក់​ទោស​ពួក​គេ ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។ ព្រោះ​តែ​ការ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​បាន​សុចរិត អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

ទំនុកតម្កើង 106:24-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញ ឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថា ទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ថា នឹង​ឲ្យ​ពូជ‌ពង្ស​គេ​ដួល​នៅ​កណ្តាល អស់​ទាំង​សាសន៍ ព្រម​ទាំង​កំចាត់‌កំចាយ​គេ ឲ្យ​ទៅ​នៅ​ពេញ‌ពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។ ៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជា ដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ គ្រា​នោះ ភីនេ‌ហាស​ក៏​ក្រោក​ឡើង​សំរេច​ទោស​ដល់​គេ រួច​ការ​ប្រហារ​ជីវិត​នោះ​ក៏​អាក់‌ខាន​ទៅ ការ​នោះ​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ភីនេ‌ហាស ដរាប​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ជា​រៀង‌រាប​ត​ទៅ។