ទំនុកតម្កើង 106:1-6

ទំនុកតម្កើង 106:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហាលេលូយ៉ា ! ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន? មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។ ៙ ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។

ទំនុកតម្កើង 106:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន? អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!

ទំនុកតម្កើង 106:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់ ព្រះ‌យេហូវ៉ា ឬ​សំដែង​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​គ្រប់​វេលា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំនឹង​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ ឱ​សូម​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​ចំរើន នៃ​ពួក​រើស​តាំង​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។ ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​ដែរ ក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង