ទំនុកតម្កើង 105:6-45

ទំនុកតម្កើង 105:6-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់ព្រះ‌អង្គ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប ជា​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ! ៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​លើ​ផែនដី​ទាំង​មូល។ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជា‌និច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​មួយ​ពាន់​តំណ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ បាន​តាំង​ជាមួយ​លោក​អ័ប្រា‌ហាំ ជា​សេចក្ដី​សន្យា​ដែល​ព្រះ‌អង្គ បាន​ស្បថ​ជាមួយ​លោក​អ៊ីសាក ហើយ​ព្រះ‌អង្គ​ក៏បាន​បញ្ជាក់ ជាមួយ​លោក​យ៉ាកុបទុក​ជា​ច្បាប់ គឺ​ជាមួយ​លោក​អ៊ីស្រា‌អែល ទុក​ជា​សេចក្ដី​សញ្ញាអស់‌កល្ប​ជា‌និច្ច ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក​របស់​អ្នក»។ ៙ នៅ​គ្រា​ដែល​គេ​មាន​គ្នា​តិច គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ គេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា សង្កត់‌សង្កិន​គេ​ឡើយ ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​បាន​បន្ទោស​ពួក​ស្តេច​ថា៖ «កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ!» ៙ កាលព្រះ‌អង្គ​បាន​បង្គាប់ ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក ហើយ​ផ្តាច់​អស់​ទាំង​អាហារ ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។ ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​លោក រហូត​ទាល់​តែ​សេចក្ដី ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។ ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​លោក គឺ​អ្នក​គ្រប់​គ្រង​លើ​ប្រជាជន​នានា បាន​ដោះ​លោក​ឲ្យ​រួច។ ស្ដេច​បាន​តាំង​លោក ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់ ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រី របស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំ របស់​ស្តេចមាន​ប្រាជ្ញា។ ៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។ ព្រះ​ក៏​ចម្រើន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ មាន​កូន​ចៅ​ជា​ច្រើន ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត របស់​គេទៅ​ទៀត។ ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល ចំពោះ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។ លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ និង​ការ​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ។ ព្រះ‌អង្គ​ចាត់​សេចក្ដី​ងងឹត​មក ហើយ​ធ្វើ​ឲ្យ​ស្រុក​ងងឹត ពួក​លោក មិន​បាន​ទាស់​ទទឹង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ ត្រឡប់​ទៅ​ជា​ឈាម ហើយ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​ទាំង​ប៉ុន្មាន​ស្លាប់​អស់។ ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។ សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ អស់​ទាំង​ដំណាំ​នៅ​ក្នុង​ស្រុក ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។ ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ស្រុក​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។ ៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។ កាល​គេ​បាន​ចាក​ចេញ​ទៅ សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។ ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។ គេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។ ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។ ដ្បិត​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ និង​ពី​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​មកដោយ​អំណរ ព្រះ‌អង្គ​បាន​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ បាន​ជ្រើស​រើស​ចេញ​មក ដោយ​ច្រៀង​ចម្រៀង។ ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី របស់​សាសន៍​នានា​ដល់​គេ ហើយ​គេ​ចាប់​យក​ភោគ​ផល ដែល​ប្រជាជន​ទាំង​នោះ​បាន​នឿយ​ហត់ ដើម្បី​ឲ្យ​គេ​បាន​ប្រតិ‌បត្តិ តាម​ច្បាប់​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !

ទំនុកតម្កើង 105:6-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ជា​មួយ​លោក​អ៊ីស្រា‌អែល។ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។ នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។ គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។ ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​គេ​ទេ ដើម្បី​ការ‌ពារ​ពួក​គេ ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា: «កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ ព្រះអង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។ គេ​ដាក់​ខ្នោះ​ជើង​លោក ហើយ​ដាក់​ច្រវាក់​ក​លោក រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។ ស្ដេច​ស្រុក​អេស៊ីប ដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានា បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណង ដោះ​លែង​លោក។ បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យ ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។ ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។ ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​លោក​អើរ៉ុន ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។ លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ​បាន​ឡើយ។ ព្រះអង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម ព្រះអង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង មក​ពេញ​ក្នុង​ស្រុក គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ ចុះ​មក​ជំនួស​ភ្លៀង ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។ ព្រះអង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ដំណាំ​របស់​គេ ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្ដូប និង​ក្រា ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។ បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។ ពេល​ពួក​គេ​ចាក​ចេញ​ទៅ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត ដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។ ព្រះអង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។ ពួក​គេ​សុំ​អាហារ ព្រះអង្គ​ប្រទាន​សត្វ​ក្រួច និង​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ព្រះអង្គ​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។ ព្រះអង្គ​នឹក​ដល់​ព្រះ‌បន្ទូល​ដ៏វិសុទ្ធ ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​មក​ដោយ​អំណរ​សប្បាយ ព្រះអង្គ​បាន​នាំ​ប្រជា‌ជន​ដែល​ទ្រង់ បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។ ព្រះអង្គ​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា មក​ចែក​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផល ដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ និង​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ។ ហាលេ‌លូយ៉ា!

ទំនុកតម្កើង 105:6-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពូជ‌ពង្ស​នៃ​អ័ប្រា‌ហាំ ជា​អ្នក​បំរើ​ទ្រង់ គឺ​អស់​ទាំង​កូន​ចៅ​របស់​យ៉ាកុប ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់​អើយ ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ឯ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​នៅ​ពេញ‌ពាស​លើ​ផែនដី ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ដល់​មនុស្ស​ទាំង​ពាន់​ដំណ ជា​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក​ផង ក៏​បាន​តាំង​សេចក្ដី​នោះ​ដល់​យ៉ាកុប​ទុក​ជា​ច្បាប់ គឺ​ដល់​អ៊ីស្រាអែល សំរាប់​ជា​សេចក្ដី​សញ្ញា ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដោយ​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិច អើ មាន​តិច​ណាស់ ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត តែ​ទ្រង់​មិន​បើក​ឲ្យ​អ្នក​ណា​សង្កត់‌សង្កិន​គេ​ឡើង អើ ទ្រង់​បាន​ផ្ចាល​ទាំង​ពួក​ស្តេច ដោយ​យល់​ដល់​គេ ដោយ​ថា កុំ​ឲ្យ​ប៉ះ‌ពាល់​នឹង​អ្នក ដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​កុំ​ឲ្យ​ប្រទូស‌រ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក ក៏​បាន​ផ្តាច់​អស់​ទាំង​អាហារ​ផង ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេ គឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ ជើង​គាត់​ត្រូវ​រឹត‌រួត​ជាប់​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​គាត់ ដរាប​ដល់​កំណត់​ដែល​ពាក្យ​គាត់​បាន​សំរេច ទើប​ស្តេច​បាន​ចាត់​គេ​ទៅ​ដោះ​លែង​គាត់​ចេញ គឺ​ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​សាសន៍​ផ្សេងៗ​បាន​ស្រាយ​គាត់​ឲ្យ​រួច ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ​ទាំង​អស់ ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បាន ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ស្តេច មាន​ប្រាជ្ញា ឯ​អ៊ីស្រាអែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ ព្រះ‌ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃ‌លែង ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួក ដែល​តតាំង​នឹង​គេ​ផង ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះ ឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញ ឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់ រួច​ទ្រង់​ចាត់​ប្រើ​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នឹង​អើរ៉ុន ដែល​ទ្រង់​បាន​រើស​យក លោក​ទាំង​២​នោះ​ក៏​សំដែង​ទី​សំគាល់​របស់​ទ្រង់ នៅ​កណ្តាល​សាសន៍​នោះ នឹង​ការ​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ ទ្រង់​ចាត់​ប្រើ​សេចក្ដី​ងងឹត​មក​បណ្តាល​ឲ្យ​ស្រុក​ងងឹត​ទៅ លោក​មិន​បាន​ទទឹង​នឹង​ព្រះ‌បន្ទូល​របស់​ទ្រង់​ទេ ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ​ត្រឡប់​ទៅ​ជា​ឈាម ហើយ​ឲ្យ​ត្រី​ទាំង​អស់​ស្លាប់​ទៅ ស្រុក​គេ​មាន​ដេរ‌ដាស​ទៅ​ដោយ​កង្កែប រហូត​ដល់​ទៅ​ក្នុង​បន្ទប់​នៃ​ស្តេច​ផង ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​មក ក៏​មាន​ចៃ​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​គេ ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ព្រឹល​ជំនួស​ភ្លៀង ហើយ​ភ្លើង​ក៏​ឆេះ​នៅ​ក្នុង​ស្រុក​គេ ទ្រង់​បាន​វាយ​អស់​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ព្រំ​ទី​របស់​គេ ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​កណ្តូប​មក ព្រម​ទាំង​ចង្រិត​ឥត​គណនា សត្វ​ទាំង​នោះ​បាន​ស៊ី​អស់​ទាំង​ដំណាំ​ក្នុង​ស្រុក ក៏​ស៊ី​ទាំង​ផល​កើត​ពី​ដី​របស់​គេ​ដែរ ទ្រង់​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​ដើម​កំឡាំង​របស់​គេ​ទាំង​ប៉ុន្មាន ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក មាន​ជាប់​ទាំង​ប្រាក់​នឹង​មាស​ផង ឯ​ក្នុង​អស់​ទាំង​ពូជ​អំបូរ​នោះ គ្មាន​អ្នក​ណា​មួយ គ្រាក‌ចិត្ត​ឡើយ កាល​គេ​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ពួក​សាសន៍ អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេ ព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់ គេ​ទូល​សូម នោះ​ទ្រង់​ក៏​នាំ​ហ្វូង​ក្រួច​មក ហើយ​បាន​ចំអែត​គេ ដោយ​អាហារ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មក ហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ ដ្បិត​ទ្រង់​បាន​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ពី​អ័ប្រា‌ហាំ ជា​អ្នក​បំរើ​ទ្រង់​ដែរ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក ដោយ​សេចក្ដី​រីក‌រាយ គឺ​ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់ ដោយ​ច្រៀង​បណ្តើរ ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេ គេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះ ទុក​ជា​របស់​ផង​ខ្លួន ដើម្បី​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ផង ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។