ទំនុកតម្កើង 104:10-15
ទំនុកតម្កើង 104:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។
ទំនុកតម្កើង 104:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានដឹកនាំប្រភពទឹក ឲ្យហូរទៅក្នុងជ្រោះ គឺហូរតាមជ្រលងភ្នំនានា សត្វទាំងប៉ុន្មាននាំគ្នាមកផឹកទឹកនេះ ហើយសត្វលាព្រៃក៏នាំគ្នាមកផឹក ដើម្បីបំបាត់សំរេកដែរ។ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រព ភ្នំទាំងឡាយ ហើយព្រះអង្គប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ព្រះអង្គក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
ទំនុកតម្កើង 104:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក ឯលាព្រៃក៏ផឹកឆ្អែតដែរ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់ ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ នឹងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស