ទំនុកតម្កើង 104:1-9

ទំនុកតម្កើង 104:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ព្រះ‌អង្គ​ចាក់ធ្នឹម​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ លើ​ជលសា ព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​រាជ​រថ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​យាង​លើ​ស្លាប​នៃ​ខ្យល់ ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។ ព្រះ‌អង្គ​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​គ្រប​ដោយ​អាវ មហា​សាគរ​ក៏​ឡើង​ខ្ពស់​ជាង​ភ្នំ​ផង។ ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។ ភ្នំ​ទាំង​ឡាយ​ងើប​ឡើង ហើយ​ជ្រលង​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ចុះ ទៅ​រក​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ឲ្យវា។ ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ កុំ​ឲ្យ​ទឹក​ហូរ​រំលង ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត។

ទំនុកតម្កើង 104:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត! នៅ​ជុំ‌វិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច! ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។ ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។ ព្រះអង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះអង្គ ហើយ​យក​ផ្លេក‌បន្ទោរ ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា ហើយ​ផែនដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។ នៅ​គ្រា​ដើម ព្រះអង្គ​យក​មហា‌សាគរ មក​គ្រប​ពី​លើ​ផែនដី​ទាំង​មូល ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។ ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ តាម​កន្លែង​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ ព្រះអង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

ទំនុកតម្កើង 104:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​ធំ​ក្រៃ‌លែង ទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិនឹង​តេជា‌នុភាព ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ទ្រង់​ដាក់​ឫស​ដំណាក់​ទ្រង់​នៅ​ក្នុង​ទឹក ក៏​យក​ពពក​ធ្វើ​ជា​រថ​របស់​ទ្រង់ ហើយ​ទ្រង់​យាង​លើ​ស្លាប​ខ្យល់ ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់ ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវ ទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់ អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើង ហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅ គឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយ ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត