ទំនុកតម្កើង 104:1-35
ទំនុកតម្កើង 104:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គធំអស្ចារ្យណាស់ ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង និងតេជានុភាព ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់ ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកអណ្ដាតភ្លើង ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។ ៙ ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា មិនឲ្យផែនដីរង្គើសោះឡើយ។ ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ ដូចគ្របដោយអាវ មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។ ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។ ភ្នំទាំងឡាយងើបឡើង ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។ ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។ ៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។ ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះ។ កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ ចូលទៅដេកក្នុងរូងរបស់វាវិញ។ ឯមនុស្សចេញទៅធ្វើការរបស់ខ្លួន ហើយគេធ្វើការរហូតដល់ល្ងាច។ ៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។ មាននាវាបើកទៅមក ហើយមានសត្វធំសម្បើមដែលព្រះអង្គ បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។ ៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។ ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក កាលព្រះអង្គលាព្រះហស្ត វាក៏បានឆ្អែតដោយរបស់ល្អ។ កាលព្រះអង្គលាក់ព្រះភក្ត្រ វាក៏ថប់ព្រួយ កាលព្រះអង្គដកយកដង្ហើមរបស់វាចេញ វាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដី។ កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី ស្រស់បស់ឡើងវិញ។ ៙ សូមឲ្យសិរីល្អរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរអស់កល្បជានិច្ច សូមឲ្យព្រះយេហូវ៉ារីករាយ នឹងស្នាព្រះហស្តរបស់ព្រះអង្គ កាលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។ សូមឲ្យមនុស្សបាបវិនាសបាត់ពីផែនដី ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហាលេលូយ៉ា !
ទំនុកតម្កើង 104:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមបំផុត! នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច! ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គ ព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។ ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។ ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកផ្លេកបន្ទោរ ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា ហើយផែនដីក៏រឹងមាំ ឥតរង្គើសោះឡើយ។ នៅគ្រាដើម ព្រះអង្គយកមហាសាគរ មកគ្របពីលើផែនដីទាំងមូល ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។ ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលព្រះអង្គបានកំណត់ទុក។ ព្រះអង្គបានកម្រិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ ព្រះអង្គបានដឹកនាំប្រភពទឹក ឲ្យហូរទៅក្នុងជ្រោះ គឺហូរតាមជ្រលងភ្នំនានា សត្វទាំងប៉ុន្មាននាំគ្នាមកផឹកទឹកនេះ ហើយសត្វលាព្រៃក៏នាំគ្នាមកផឹក ដើម្បីបំបាត់សំរេកដែរ។ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រព ភ្នំទាំងឡាយ ហើយព្រះអង្គប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ព្រះអង្គក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។ សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ បក្សាបក្សីនាំគ្នាធ្វើសំបុក នៅលើដើមឈើទាំងនោះ ហើយសត្វកុកនាំគ្នាធ្វើទ្រនំ នៅលើដើមឈើទាល។ រីឯភ្នំខ្ពស់ៗជាជម្រករបស់ពពែភ្នំ ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។ ព្រះអង្គបានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។ ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីព្រះជាម្ចាស់។ ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ ទៅដេកក្នុងរូងរបស់វាវិញ។ ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះ ដើម្បីបំពេញការងាររៀងៗខ្លួន គេធ្វើការរហូតដល់ល្ងាច។ ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលព្រះអង្គបានបង្កើតមក។ មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ ពេលព្រះអង្គប្រទានចំណីអាហារ វាក៏នាំគ្នាទទួលយក ពេលព្រះអង្គផ្គត់ផ្គង់ឲ្យ វាបានឆ្អែតស្កប់ស្កល់។ ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។ ពេលណាព្រះអង្គប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។ សូមសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតតទៅ! សូមព្រះអម្ចាស់រីករាយ នឹងស្នាព្រះហស្ដរបស់ព្រះអង្គ! ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។ អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់! ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត! សូមឲ្យទំនុករបស់ខ្ញុំ បានគាប់ព្រះហឫទ័យព្រះអង្គ សូមឲ្យខ្ញុំបានសប្បាយដោយសារព្រះអម្ចាស់។ សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា!
ទំនុកតម្កើង 104:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង ទ្រង់ប្រដាប់អង្គដោយយសសក្តិនឹងតេជានុភាព ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់ ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ ហើយយកអណ្តាតភ្លើងធ្វើជាពួកបំរើទ្រង់ ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ ទឹកនោះក៏គ្របអស់ទាំងភ្នំផង កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅ ក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់ អស់ទាំងភ្នំបានដុះឡើង ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ ដើម្បីកុំឲ្យឡើងលិចផែនដីទៀត ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក ឯលាព្រៃក៏ផឹកឆ្អែតដែរ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់ ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ នឹងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅ ឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃ ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ ចូលទៅដេកក្នុងរូងវាវិញ ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួន ហើយក៏ធ្វើការដរាបដល់ល្ងាច ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ ក៏មាននាវាបើកទៅមក ហើយមានសត្វធំសំបើម ដែលទ្រង់ បានបង្កើតឲ្យលេងក្នុងទឹក គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក កាលទ្រង់លាព្រះហស្តទៅ នោះវាបានឆ្អែតដោយរបស់ល្អ កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញ កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដីវិញ ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើង ទ្រង់កែប្រែផែនដីឡើងជាថ្មី សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ច សូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់ កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំ បានផ្អែមត្រចៀកដល់ទ្រង់ ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅ ហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយ ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។