ទំនុកតម្កើង 103:13-19
ទំនុកតម្កើង 103:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
ទំនុកតម្កើង 103:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ព្រះអង្គឥតភ្លេចសោះឡើយ។ ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។
ទំនុកតម្កើង 103:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់ នឹងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់ ដើម្បីនឹងប្រព្រឹត្តតាម ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់