ទំនុកតម្កើង 103:1-5

ទំនុកតម្កើង 103:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ! ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

ទំនុកតម្កើង 103:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត! ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ បាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ! ព្រះអង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រះអង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ព្រះអង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

ទំនុកតម្កើង 103:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯង ទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

ទំនុកតម្កើង 103:1-5

ទំនុកតម្កើង 103:1-5 គខប