ទំនុកតម្កើង 102:1-28
ទំនុកតម្កើង 102:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ បានឮដល់ព្រះអង្គ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន! ៙ ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ ក៏ឆេះក្តៅដូចរងើកភ្លើង។ ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ទូលបង្គំភ្លេចទាំងទទួលទានអាហារទៀតផង។ ដោយព្រោះសម្រែកដែលទូលបង្គំថ្ងូរ ស្បែកទូលបង្គំនៅជាប់នឹងឆ្អឹងទៅហើយ។ ទូលបង្គំប្រៀបដូចជាសត្វទីទុយនៅទីរហោស្ថាន គឺដូចជាសត្វទីទុយនៅទីស្មសាន។ ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ នៅលើដំបូលផ្ទះ។ ខ្មាំងសត្រូវរបស់ទូលបង្គំ ចំអកឡកឡឺយទូលបង្គំរាល់ថ្ងៃ ហើយអស់អ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។ ទូលបង្គំទទួលទានផេះដូចជាអាហារ ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក ព្រោះតែសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះចោល។ ថ្ងៃអាយុរបស់ទូលបង្គំ ប្រៀបដូចជាស្រមោលនៅពេលល្ងាច ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គតាំងរាជ្យអស់កល្បជានិច្ច ហើយមនុស្សគ្រប់ជំនាន់ នឹកចាំពីព្រះអង្គតរៀងទៅ។ ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ អើ ពេលកំណត់បានមកដល់ហើយ។ ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។ ជាតិសាសន៍ទាំងឡាយ នឹងកោតខ្លាចព្រះនាមព្រះយេហូវ៉ា ហើយស្តេចទាំងប៉ុន្មាននៅលើផែនដី នឹងកោតខ្លាចសិរីល្អរបស់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាសង់ក្រុងស៊ីយ៉ូនឡើងវិញ ព្រះអង្គនឹងលេចមកក្នុងសិរីល្អរបស់ព្រះអង្គ។ ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា ហើយមិនមើលងាយពាក្យទូលអង្វរ របស់គេឡើយ។ ៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។ ដ្បិតព្រះអង្គបានទតមើលពីទីបរិសុទ្ធ របស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌ មើលមកផែនដី ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់ ប្រយោជន៍ឲ្យគេបានប្រកាសព្រះនាម របស់ព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន ហើយសរសើរតម្កើងព្រះអង្គ នៅក្រុងយេរូសាឡិម នៅពេលជាតិសាសន៍នានា និងនគរទាំងប៉ុន្មានជួបជុំគ្នា ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា។ ៙ ព្រះអង្គបានបំបាក់កម្លាំងខ្ញុំនៅកណ្ដាលទី ព្រះអង្គបានបង្រួញថ្ងៃអាយុរបស់ខ្ញុំ។ ទូលបង្គំទូលថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅស្ថិតស្ថេរ ជារៀងរហូតគ្រប់ជំនាន់តទៅ សូមកុំដកជីវិតទូលបង្គំ នៅពាក់កណ្ដាលអាយុឡើយ»។ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត របស់ព្រះអង្គដែរ។ ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ តែព្រះអង្គនឹងគង់នៅស្ថិតស្ថេរ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វា ដូចផ្លាស់អាវ ហើយវានឹងបាត់សូន្យទៅ ប៉ុន្ដែ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ហើយព្រះជន្មរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ។ កូនចៅរបស់ពួកអ្នកបម្រើព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយពូជពង្សរបស់គេ នឹងតាំងនៅជាប់ចំពោះព្រះអង្គ។
ទំនុកតម្កើង 102:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមមេត្តាទទួលពាក្យដែលទូលបង្គំ ស្រែកអង្វរនេះផង! នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភ័ក្ត្រឡើយ! នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង! សូមឆ្លើយតបមកទូលបង្គំជាប្រញាប់! ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅ ដូចជាផ្សែង ហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។ ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត សូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។ ទូលបង្គំចេះតែស្រែកថ្ងូរជានិច្ច ទូលបង្គំនៅសល់តែស្បែក និងឆ្អឹង ទូលបង្គំប្រៀបដូចជាសត្វក្អែក នៅវាលរហោស្ថាន ឬដូចសត្វទីទុយនៅទីស្មសាន។ ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ នាំគ្នាប្រមាថមាក់ងាយទូលបង្គំ ពួកគេចំអកឡកឡឺយឲ្យទូលបង្គំ ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។ ទូលបង្គំបរិភោគទាំងទុក្ខសោក ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងទូលបង្គំយ៉ាងខ្លាំង ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។ អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល នៅពេលល្ងាច និងដូចស្មៅដែលក្រៀមស្ងួតដែរ។ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំឭកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។ ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន ព្រះអង្គមុខជាក្រោកឡើង ព្រោះដល់ពេលកំណត់ដែលព្រះអង្គ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។ យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ សូមឲ្យប្រជាជាតិនានាកោតខ្លាច ព្រះនាមរបស់ព្រះអម្ចាស់ ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ! ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញ ព្រះអង្គនឹងសម្តែងសិរីរុងរឿងឲ្យគេឃើញ។ ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌ត ព្រះអង្គលែងព្រងើយកន្តើយ នឹងពាក្យទូលអង្វររបស់គេទៀតហើយ។ ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។ ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា ហើយប្រជាជនពីនគរទាំងឡាយ នាំគ្នាគោរពបម្រើព្រះអម្ចាស់។ ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ព្រះអង្គធ្វើឲ្យខ្ញុំទន់ជង្គង់ ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅ ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។ ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។ ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។ កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។
ទំនុកតម្កើង 102:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់ សូមកុំលាក់ព្រះភក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃ ដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយ សូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកទូល នោះសូមឆ្លើយមកទូលបង្គំជាប្រញាប់ ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ ក៏ឆេះក្តៅដូចជាកន្ទុយឧស ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាប រាល់ថ្ងៃ ហើយពួកអ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា ទូលបង្គំបានទទួលទានផែះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក ដោយព្រោះសេចក្ដីថ្នាំងថ្នាក់ នឹងសេចក្ដីក្រោធរបស់ទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា ដល់ក្រុងស៊ីយ៉ូន ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង អើ ពេលកំណត់បានមកដល់ហើយ ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច ដល់ព្រះនាមព្រះយេហូវ៉ា ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច ដល់សិរីល្អនៃទ្រង់ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញ ហើយនឹងលេចមកក្នុងសិរីល្អនៃទ្រង់ ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ សេចក្ដីនេះនឹងបានកត់ទុកសំរាប់ដំណមនុស្ស ជាន់ក្រោយ ឲ្យបណ្តាមនុស្សដែលនឹងកើតឡើង បានសរសើរដំកើង ដល់ព្រះយេហូវ៉ា ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាម នៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន នឹងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡិម ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នា ព្រមទាំងនគរទាំងប៉ុន្មានផង ដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។ ៙ ទ្រង់បានធ្វើឲ្យកំឡាំងរបស់ទូលបង្គំអន់ថយទៅ នៅកណ្តាលផ្លូវ ទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ កាលដើមដំបូងទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ របស់ទាំងនោះនឹងវិនាសសូន្យទៅពិត តែទ្រង់នឹងស្ថិតស្ថេរនៅវិញ អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ ដូច្នេះនឹងបានផ្លាស់ចេញជាពិត ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។